ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់កូនចៅ ចៅទួតរបស់ព្រះអង្គជាយុទ្ធជនកងទ័ពដ៏អង់អាចក្លាហានរបស់ព្រះរាជាណាចក្រកម្ពុជាយើង និងប្រជានុរាស្ត្រភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ សមាជិកាព្រឹទ្ធសភា បាននាំយកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងពរជ័យ និងព្រះរាជទ្រព្យ ជាថវិកា និងសារុង ជូនវីរកងទ័ព និងជនភៀសសឹកសរុបចំនួន ២០នាក់ ដែលរងគ្រោះដោយសារសង្គ្រាម នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងនោះ យុទ្ធជនកងទ័ពចំនួន ២រូប គឺស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ជាមួយគ្នានេះផងដែរ សម្តេចរាជបុត្រីព្រះអនុជ បានបន្ថែមថវិកាដែលមានការចូលរួមពី លោកជំទាវ មាន សំអាន លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ មុំ សណ្តាប់ សមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកខាងលើ ដែលកំពុងនៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជគំរូដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា